ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីឆបោក និងក្លែងបន្លំឯកសារទិញ-លក់ដីធ្លី

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៨ និង ១៥នាទី ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីឆបោក និងក្លែងបន្លំឯកសារបានប្រព្រឹត្តកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នេះយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង សិទី្ធ ភេទប្រុស អាយុ ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ មាក ម៉ានឿម ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះ ហង្ស សាវឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា៖ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានទំនាក់ទំនងទិញដីមួយកន្លែងនៅចំណុចផ្លូវ ៥០ម៉ែត្រ ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តាមរយ:អាជីវករទិញ-លក់ដី និងបានទំនាក់ទំនងគ្នាជាមួយម្ចាស់ដីតាមរយៈទូរស័ព្ទ លុះនិយាយចរចារត្រូវតម្លៃគ្នាជនរងគ្រោះបានណាត់ម្ចាស់ដីអោយឡើងមកប៉ោយប៉ែត ដើម្បីនិយាយលំអិតអំពីការទិញ-លក់ដីខាងលើ តែជនសង្ស័យបានណាត់ជនរងគ្រោះអោយទៅជួបនៅខេត្តសៀមរាបវិញ។ លុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានឡើងទៅខេត្តសៀមរាប ដើម្បីជួបជាមួយម្ចាស់ដី ពេលទៅជួបចរចារ ពិនិត្យឯកសារទីតាំងដី និងមានលិខិតបញ្ជាក់ពីប្រវត្តិដី ឃើញមានភាពរលូនហើយ ក៏បានឯកភាពធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងបានប្រគល់ប្រាក់កក់ចំនួន ៥០.០០០ដុល្លា ទៅអោយជនសង្ស័យទាំង ០២នាក់ រួមទាំងមានសាក្សីដឹងឮចំនួន ០២នាក់ថែមទៀត។ លុះដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានចុះទៅពិនិត្យទីតាំងដី ក៏បានដំណឹងថាដីនោះមានបញ្ហាវិវាទ មិនទាន់ដោះស្រាយនៅឡើយទេ ទើបជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យទាំង ០២នាក់មកជួប ដើម្បីទាមទារប្រាក់កក់មកវិញ តែជនសង្ស័យ មិនបានប្រគល់ប្រាក់កក់ទាំងនោះមកអោយខ្លួនវិញទេ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។
បន្ទាប់ពីឃាត់ខ្លួន និងសាកសួរជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពថា៖ ខ្លួនពិតជាបានទទួលប្រាក់កក់ចំនួន ៥០.០០០ដុល្លា ពីជនរងគ្រោះពិតប្រាកដមែន តែប្រាក់ទាំងនោះខ្លួនបានបែងចែកគ្នាអស់ទៅហើយ ពុំមានប្រាក់សងជនរងគ្រោះវិញទេ។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណំុរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង