សិក្ខាកាមវគ្គបំប៉នជំនាញបើកបរអូប័រ និងសង្គ្រោះគ្រោះមហន្តរាយ បានបើកវគ្គនៅថ្ងៃនេះ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលបន្ទុកស្នងការសម្ភារៈបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញវគ្គបំប៉នជំនាញបើកបរអូប័រ និងសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០១៨ ។ ពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ស្នងការ ស្នងការរងវរសេនីយ៍ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការសម្ភារៈបច្ចេកទេស GIGR (បឹងតាមោក)។
លោកឧត្តមសេនីយ៍ត្រី ផាត់ សាវុធ ស្នងការរងស្នងការដ្ឋានសម្ភារៈបច្ចេកទេស បានឱ្យដឹងថា៖វគ្គបំប៉នជំនាញបើកបរអូប័រនិងជួយសង្គ្រោះគ្រោះមហន្តរាយជំនាន់ទី១៧ ឆ្នាំ២០១៨ នេះមានសិក្ខាកាមចំនួន៥០ នាក់ មកពីបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សិក្ខាកាមមកពីស្នងការដ្ឋានសម្ភារៈបច្ចេកទេស មកពីវរសេនាតូចជំនួយមនុស្សធ៌ម និងសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងសិក្ខាកាមមកពីវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលការហ្វឹកហ្វឺនមានរយៈពេល១០ថ្ងៃ។ មេរៀនដែលត្រូវសិក្សាមានទ្រឹស្តីអំពីលក្ខណៈបច្ចេកទេសម៉ាស៊ីនអូប័រ របៀបភ្ជាប់ម៉ាស៊ីនជាមួយអូប័រ របៀបបើកបរជួយសង្គ្រោះ និងពង្រឹងដៃចង្កូត។ ក្នុងការអនុវត្តជាក់ស្តែងនៅដងទន្លេសាប (ផ្សារតូច)ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានអូប័រសម្រាប់ហ្វឹកហ្វឺនចំនួន០៨គ្រឿង រថយន្តដឹកជញ្ជូន០៧ គ្រឿង និងទូកចំនួន០៥គ្រឿង។
នៅក្នុងឱកាសបើកវគ្គនោះដែរ! លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានមានប្រសាសន៍ថា៖ជារៀងរាល់ឆ្នាំលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែឱ្យស្នងការសម្ភារៈបច្ចេកទេស បើកវគ្គបំប៉នដៃចង្កូតបើកបរអូប័រ ដល់កងកម្លាំងអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានហ្វឹកហ្វឺនរៀនសូត្រគ្រប់ៗ គ្នាមុនពេលចុះទៅអនុវត្តជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីឱ្យមានការយល់ដឹងអំពីជំនាញ និងមានសមត្ថភាព ប្រសិទ្ធិភាពខ្ពស់។
បន្ទាប់មកទៀតលោកឧត្តមសេនីយ៍ឯកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ៈត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់គោរពពេលវេលារៀនសូត្រ,គោរពវិន័យ,បទបញ្ជាផ្ទៃក្នុង,ស្តាប់ការពន្យល់របស់យោធាចារ្យ,លោកគ្រូបង្ហាត់បង្រៀននិងប្រុងយ័ត្នជានិច្ចនៅពេលកាន់ដៃចង្គូតអូប័រពីព្រោះការបើកបរនៅលើផ្ទៃទឹកគឺវាតែងតែជួបឧបគ្គផ្សេងៗដូចជាទឹកគួច,ទឹករលកឬអាចក្រឡាប់អូប័របណ្តាលឱ្យយើងមានការគ្រោះថ្នាក់ទៀតផង។ជាចុងក្រោយឧត្តមសេនីយ៍ក៏បានរំលឹកដល់នាយការិយាល័យជំនាញនានាដែលមានការពាក់ពន្ធត្រូវយកចិត្តទុកដាក់និងសហការអនុវត្តដើម្បីឱ្យវគ្គហ្វឹកហ្វឺននេះដំណើរការទៅរលូននិងទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង