ភ្នំពេញៈ នៅវេលាម៉ោង ២១ និង៣០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចមុខហាងនំបុ័ងបាយ័ន ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំកាមន ជាប់ពាក់ព័ន្ធជាមួយករណីឆក់ទូរស័ព្ទ។
នេះបើតាមការឱ្យដឹងពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ
០១. ធី ប៊ុនឈូ អាយុ២៤ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវលំ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកឆក់
០២. ផល ផានិត អាយុ២២ឆ្នាំ ភេទប្រុស ជាកម្មករលាងឡាន ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកបើកម៉ូតូ។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង០២នាក់នោះ បានជិះម៉ូតូចេញពីក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងបំណង ជិះរកឆក់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
លុះពេលជិះមកដល់មុខក្រុមហ៊ុនស្រាបៀអង្គរផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនសង្ស័យក៏បានប្រទះឃើញជនរងគ្រោះជាស្ត្រីជិះម៉ូតូ Fino ម្នាក់ឯងនិយាយទូរស័ព្ទ។ ឃើញឱកាសល្អដូចនេះ ជនសង្ស័យក៏បានធ្វើសកម្មភាពឆក់បានសំរេច រួចជិះគេចខ្លួនចេញយ៉ាងលឿន តែដោយសារមានបងប្អូនប្រជាពលរដ្ឋបានឃើញ ក៏ជិះស្រែកថាចោរៗ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាត របស់មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដែលនៅក្បែរនោះ ក៏ដេញតាមរហូត ដល់មុខហាងនំបុ័ងបាយ័ន ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំកាមន ទើបឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះបាន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រីឯទូរសព្ទ័មួយគ្រឿង របស់ជនរងគ្រោះ ដែលកម្លាំងកងរាជអាវុធហត្ថ ចាប់យកបានពីជនសង្ស័យគឺម៉ាក Samsung Galaxy Note 2 តែជនរងគ្រោះ ក្រោយពេលកើតហេតុបានចេញទៅបាត់ មិនបានដាក់ពាក្យបណ្តឹងទេ អាស្រ័យហេតុដូចនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវ ដល់ម្ចាស់ទូរស័ព្ទ អញ្ជើញមកទំនាក់ទំនងដាក់ពាក្យបណ្តឹង និងទទួលយកទូរស័ព្ទត្រលប់ទៅវិញ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
(អត្ថបទ ម៉ាន់ ដាវីត)