ប៉ៃលិន: នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កងរាជអាវុធហត្ថទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន។
វត្តមានចូលរួមក្នុងពិធីនេះដែររួមមាន លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន សរុបចំនួន១១០នាក់។
ពិធីនេះធ្វើឡើងដើម្បី ឱ្យនាយ នាយរង និងពលអាវុធហត្ថទាំងអស់ យល់ជ្រួតជ្រាប ពី តួនាទី ភារកិច្ច និងបេសកម្ម ក្នុងការបម្រើជាតិ មាតុភូមិ និងស្វែងយល់ពីសភាពការណ៍ជាតិ អន្តរជាតិថ្មីៗ។ ក្នុងពេលនោះដែរលោក មេបញ្ជាការ បានសង្កត់ធ្ងន់ពីការអនុវត្តរាល់បទបញ្ជាទាំងឡាយ ដែលជំរុញដល់ការពង្រឹង និងពង្រីកសមត្ថភាពក្នុងការអនុវត្តភារកិច្ច ពិសេសទៅទៀតត្រូវយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខ ជូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ក្នុងពេលបោះឆ្នោតនាពេលខាងមុខ។
(អត្ថបទៈ ម៉ាន់ ដាវីត)