កណ្តាលៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៨ និង០០នាទី ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ពក សាង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ វ៉ាន សាវ៉ាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកបានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង ដោយមានការតាមដាន នូវសកម្មភាពរបស់ជនសង្ស័យប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែទើបមានឱកាសក្នុងការឃាត់ខ្លួន ជនសង្ស័យខាងលើ ស្របពេលដែលជនសង្ស័យបំរុងយកថ្នាំញៀនទាំងនោះ ទៅចែកចាយបន្ត។
លោក បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់ធំ ដែលមានទម្ងន់ស្មើ ៣.៤៥ ក្រាម
០២. ទូរស័ព្ទ ចំនួន០១គ្រឿង
០៣. កាំភ្លើងច្នៃ ចំនួន០១ដើម
០៤. អត្តសញ្ញាណប័ណ្ណខ្មែរ ចំនួន០១
០៥. សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)