ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបិទវគ្គបំប៉នវគ្គជំនាញផែនការ និងស្រាវជ្រាវ បទល្មើសឧក្រិដ្ឋឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្នងការរង នាយ-នាយរងការិយាល័យ និងសិក្ខាកាមអាវុធហត្ថមកពីបណ្តារាជធានី-ខេត្តដែលមានការពាក់ព័ន្ធ ការងារជំនាញផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
លោក ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ក្នុងនាមគណៈគ្រប់គ្រងវគ្គបានឡើងអានរបាយការណ៍លទ្ធផលសិក្សា ជំនាញផែនការនិងស្រាវជ្រាវ បទល្មើសឧក្រិដ្ឋ ជម្រាបជូនអង្គពិធីថា វគ្គបំប៉ននេះមានរយៈពេល០៥ថ្ងៃ និងមានសិក្ខាកាមចំនួនសរុប៥៥នាក់។
ក្រោយពីបានស្តាប់របាយការណ៍រួចមកលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានមានប្រសាសន៍ថា៖ ឆ្លងតាមការសិក្សារៀនសូត្រកន្លងទៅនេះ លទ្ធផលបញ្ចប់វគ្គបំប៉នជំនាញផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋនិងតាមរយៈគណៈគ្រប់គ្រងវគ្គបានវាយតម្លៃនៅក្នុងការសិក្សារបស់សិក្ខាកាមទាំងអស់ជាទូទៅទទួលបានលទ្ធផលល្អប្រសើរ។ ទោះបីពេលវេលាខ្លីសម្រាប់អស់ លោក លោកស្រីក៏ដោយ តែវាជាផ្នែកមួយដែលបានជួយជម្រុញក្នុងការអនុវត្តការងារជំនាញរបស់យើងទទួលបានប្រសិទ្ធភាពខ្ពស់។ វគ្គបំប៉ននេះបានដាស់តឿនក្រើន រំលឹកនូវអ្វីដែលយើងបានរៀនសូត្រកន្លងទៅ និងការស្វែងយល់បន្ថែមនូវបទពិសោធន៍ថ្មីៗទៅវិញទៅមករវាងមន្ដ្រីជំនាញតាមបណ្ដារាជធានី-ខេត្ត និងមន្ដ្រីជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ទាំងនេះជាវឌ្ឍនៈភាព ការិយាល័យជំនាញផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋដែលអស់លោកអនុវត្តកន្លងទៅ និងត្រូវបន្ដអនុវត្តដើម្បីពង្រឹងនូវកិច្ចនីតិវិធី និងប្រសិទ្ធិភាពក្នុងការអនុវត្តកិច្ចនីតិវិធីផងដែរ។ ចំពោះខ្លឹមសារមេរៀនដែលគ្រូយោធាចារ្យផ្ដល់ជូនទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងនោះបានចាត់ទុកថា៖ វគ្គបំប៉ននេះពិតជាបានពង្រឹង សមត្ថភាព គុណភាពចំណេះដឹង ចំណេះធ្វើ ពិតប្រាកដ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជូនអង្គភាពកងរាជអាវុធហត្ថក្នុងការចូលរួមពង្រឹងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងជាកិត្តិយសរបស់អង្គភាពក្រោមការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីបានបញ្ចប់វគ្គនេះទៅត្រូវយកចំណេះវិជ្ជាដែលបានរៀន នៅទីនេះ និងទ្រឹស្តី បទពិសោធន៍ ទទួលបានពីលោកគ្រូសាស្ត្រាចារ្យ យោធាចារ្យ និងលទ្ធផលនៃចំណេះដឹងដែលខ្លួនបានរៀនសូត្រកន្លងទៅ យកទៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋអោយបានត្រឹមត្រូវទៅតាមច្បាប់ រក្សាគុណធម៌ សីលធម៌ វិជ្ជាជីវៈ និងកិត្តិយស សេចក្តីថ្លៃថ្នូរ សក្កិសម ជាមន្ត្រីប្រតិបត្តិច្បាប់ នៃកងរាជអាវុធហត្ថ៕