កណ្តាលៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិចេក ស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល សង្ស័យពាក់ព័ន្ធសារធាតុញៀន។
នេះបើយោងទៅតាមប្រភពពត៌មានពី លោក វរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ គឺធ្វើទៅតាមដីការបង្គាប់លេខ៤៦០ ដកបចខ/១៦ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក គឹម ម៉េង ចៅក្រមសើុបសួរនៃសាលាដំបូងខេត្ត កណ្តាល ដែលបានចោទប្រកាន់ពីបទ រក្សាទុក និងចែកចាយនូវសារធាតុញៀន។
លោក បានបន្តអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។