បន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនភ្លាមៗក្នុងករណីជំរិតទារប្រាក់ ពីប្រជាពលរដ្ឋចេញមកពីប្រទេសថៃ និងជេរប្រមាថគំរាមសម្លាប់អ្នកជិតខាង នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្ទះសំណាក់លីហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសំដី លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា តាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ វង្ស សុគន្ធរ័ត្ន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅមុនពេលកើតហេតុនៅយប់នោះខ្លួនកំពុងអង្គុយលក់ឥវ៉ាន់ នៅមុខផ្ទះស្រាប់តែឮសំលេងមនុស្សស្រែកអោយជួយព្រោះមានគេចាប់ជំរិត ពេលនោះខ្លួនបានរត់ទៅមើលក៍ឃើញមានមនុស្ស០២នាក់ ប្តី ប្រពន្ធ ដែលជនសង្ស័យកំពុងជំរិតទារប្រាក់ នៅជាប់នឹងផ្ទះរបស់គាត់។
លោកវរ:សេនីយ៍ត្រី ជា ដា បានបញ្ជាក់ទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះបាននិយាយថា ២នាក់ប្តីប្រពន្ធជាពលករ បានចេញពីផ្សាររោងគ្លឿប្រទេសថៃ ចូលមកខ្មែរវិញដោយអោយជនសង្ស័យជូនតាមច្រករបៀងក្នុងដំលៃ១.០០០បាត(ប្រាក់ថៃ) លុះជូនមកដល់ដីខ្មែរ ស្រាប់តែជនសង្ស័យទារប្រាក់ចំនួន២០០០បាតទៅវិញ។
ពេលនោះ០២នាក់ប្ដីប្រពន្ធមិនមានប្រាក់អោយទើបមានការគំរាមកំហែងរហូតផ្អើលដល់អ្នកជិតខាង។
ពេលនោះឈ្មោះ វង្ស សុគន្ធរ័ត្ន បានចេញមកជួយនិយាយជាមួយជនសង្ស័យថា កុំធ្វើបាបគាត់អី ព្រោះពួកគាត់ក៍ជាខ្មែរដែរ ពេលនោះជនសង្ស័យខឹងយ៉ាងខ្លាំងបានជេរប្រមាថនិងគំរាមសម្លាប់គាត់ទៀតផង ពេលនោះឈ្មោះវង្ស សុគន្ធរ័ត្ន បានទៅប្តឹងអាវុធហត្ថក្រុងប៉ោយប៉ែត អោយជួយធ្វើអន្តរាគមន៍ទាំងយប់។
ក្រោយពីទទួលបានពាក្យបណ្តឹងហើយនោះ កម្លាំងអាវុធហត្ថក្រុងចំនួន៥នាក់ ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា ចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន ឈៀប ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានជំរិតទារប្រាក់ពី២នាក់ប្ដីប្រពន្ធចំនួន២០០០បាត និងបានគំរាមសម្លាប់អ្នកជិតខាងដូចការចោទប្រកាន់របស់ឈ្មោះវង្ស សុគន្ធរ័ត្នពិតប្រាកដមែន។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ដោយបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់នៃបទល្មើសយ៉ាងជាក់លាក់នោះដូច្នេះជនសង្ស័យឈ្មោះ ឈិន ឈៀប ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕