កំពតៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និង ចាត់តាំងអនុវត្តគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចាន់ ចាន់ធឿន មេបញ្ជាការរង ទទួលបន្ទុក ការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តកំពត តំណាង លោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត សរុបចំនួន១៩៦នាក់។
ក្នុងពិធីផ្សព្វផ្សាយនោះផងដែរ លោកមេបញ្ជាការរង បានផ្សព្វផ្សាយដំណឹងស្ដីពីការដោះស្រាយគោលនយោបាយ ចំពោះអាវុធហត្ថដែលមានជំងឺ និងជួបការលំបាក និងគ្រួសារអាវុធហត្ថពលី មរណះ ដែលជាប្រសាសន៍ របស់ ឯកឩត្ដម នាយឩត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការរៀបចំបែបបទស្នើរសុំ សរសើរ ជូនឥស្សរិយយស ផ្សេងៗផងដែរ។