You are currently viewing សិក្ខាកាមចំនួន ៦០នាក់ ត្រូវបានបញ្ចប់វគ្គបំប៉ន ជំនាញស្រាវជ្រាវបទល្មើសឧក្រិដ្ឋ

សិក្ខាកាមចំនួន ៦០នាក់ ត្រូវបានបញ្ចប់វគ្គបំប៉ន ជំនាញស្រាវជ្រាវបទល្មើសឧក្រិដ្ឋ

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្នាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី.ខេត្ត ដែលមានចំនួនសរុប ៦០នាក់។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាវ៉ាឡា នាយរងការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា៖ វគ្គបំប៉ននេះសិក្ខាទាំងអស់ មានមុខងារជានាយការិយាល័យ និងជំនួយការស្រាវជ្រាវបទល្មើសឧក្រិដ្ឋ សិក្សារយៈពេល០៤ថ្ងៃ ហើយក្នុងការសិក្សាសិក្ខាកាមបានយកចិត្តទុកដាក់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង ក៏ដូចជាបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស យកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រហ៊ានសួរដេញដោល និងស្តាប់ការពន្យល់បកស្រាយរបស់លោកគ្រូឧទ្ទេសនាម ប្រកបដោយចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែង ហើយទទួលបាននូវលទ្ធផលល្អប្រសើរ។ ក្រោយពីបានស្តាប់របាយការណ៍បិទវគ្គសិក្សារួចមក លោឧត្តមសេនីយ៍ត្រី គង់ សត្ថារិន បានមានប្រសាសន៍ផ្តាំផ្ញើ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវគ្គសិក្សានេះប្រកបដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ រហូតបានទទួលលទ្ធផលល្អប្រសើរបែបនេះ។ ឧត្តមសេនីយ៍បានបន្តថា៖ ជោគជ័យដែលសិក្ខាកាមទទួលបាននៅថ្ងៃនេះ និងការរៀនសូត្រផ្នែកទ្រឹស្តីទទួលបានបទពិសោធន៍ពីលោកគ្រូកន្លងទៅត្រូវយកលទ្ធផលនៃចំណេះដឹងដែលខ្លួនបានរៀនសូត្រ ទៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដោយគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ឱ្យបានត្រឹមត្រូវព្រមទាំងរក្សាបាននូវភាពថ្លៃថ្លូរ សក្តិសមជាមន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ។ មិនតែប៉ុណ្ណោះនៅពេលអស់លោកត្រឡប់ទៅអង្គភាពវិញ ត្រូវបង្ហាញនៅភាពស្មោះត្រង់សច្ចៈទៀងត្រង់មិនលំអៀង ដើម្បីបាននៅការស្រឡាញ់ពីប្រជាពលរដ្ឋ ពីមហាជនមកដល់អង្គភាពកងរាជអាវុធហត្ថ ហើយត្រូវបង្ហាញឱ្យសាធារណៈជនទាំងអស់គេបានមើលមកយើងជាកងរាជអាវុធហត្ថត្រឹមត្រូវ មានភាពស្អាតស្អំ និងមានការទំនាក់ទំនងល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសត្រូវក្តាប់ព័ត៌មានឱ្យបានល្អ នឹងការប្រមូលស្រាវជ្រាវភស្តុតាងគ្រប់គ្រាន់ពីជនល្មើស៕