បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ការអនុវត្តន៍តួនាទី-ភារកិច្ចប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិចិ្ឆកា ឆ្នាំ២០១៨ និងផ្សព្វផ្សាយប្រសាសន៍ទាំង ១០ចំណុច របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រជុំត្រួតពិនិត្យតួនាទី-ភារកិច្ចការអនុវត្តនួការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ និងទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។ បន្ទាប់ពីឆ្លងពង្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៨ រួចមក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្សព្វផ្សាយខ្លឹមសារទាំង ១០ចំណុច របស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមមាន ៖ ១-ការបែងចែកតួនាទី-ភារកិច្ច ២-គ្រប់អង្គភាពត្រូវបង្កើនប្រសិទ្ធភាពការងារជំនាញ កសាងសមត្ថភាពការងារ ដើម្បីធានារ៉ាប់រងការធានាសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ៣-រៀបចំពង្រឹងការងារអប់រំ ហ្វឹកហ្វឹន និងបណ្តុះបណ្តាល ៤-ការងារអប់រំចិត្តសាស្ត្រ ៥-ការងារធានា ៦-ពង្រឹងការងាររចនាសម្ព័ន្ធកងរាជអាវុធហត្ថ ៧-បង្កើនធនធានមនុស្ស ៨-ការងារធម្យោបាយ គ្រឿងបំពាក់ ៩-ការងារកសាងអង្គភាព ១០-ការងារគ្រប់គ្រងអចលនទ្រព្យ ។ ក្រោយពីផ្សព្វផ្សាយខ្លឹមសារទាំ ខាងលើ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់បន្ថែមថា ៖ គ្រប់បណ្តាមូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ ការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវតួនាទី-ភារកិច្ច និងបទបញ្ញត្តិផ្សេងៗ ដែលថ្នាក់លើបានដាក់ចុះ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានដាច់ខាត គោរពច្បាប់ចរាចរ និងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវធ្វើខ្លួនអោយសមស្របជាមន្ត្រីអនុវត្តន៍ច្បាប់ និង ហាមដាច់ខាតមិនអោយមានពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗ និងត្រូវពង្រឹងសាមគី្គឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ក្រោមទិសស្លោក (សាមគី្គរឹងមាំរស់ បែកបាក់សាមគី្គស្លាប់) ផងដែរ ។
