You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០១៧

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន៩៤នាក់។

ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការបានមានប្រសាសន៍ថា គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅតែបន្តធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ.អន្តរជាតិ។
-ត្រៀមកម្លាំងមធ្យោបាយសម្ភារ:គ្រឿងបំពាក់ អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
-ចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។
-ចាត់តាំងជំនាញចុះស្រាវជ្រាវរុករុមុខសញ្ញាជនល្មើស។
-អនុវត្ត បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
-ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមមូលដ្ឋានក្រុង ស្រុក និងការសន្តិសុខផងដែរ។
-ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញនិងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ។
-បន្តការកសាងបណ្ដាញផ្ដល់ព័ត៍មានតាមមូលដ្ឋានបន្ថែមទៀត។

លោកមេបញ្ជាការ បានមានប្រសាសន៍បន្តទៀតថា តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង០៩ចំណុច របស់កងរាជអាវុធហត្ថ ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាព និងបន្តការចុះយកព័ត៍មាន ថតសកម្មភាពស្នាដៃអាវុធហត្ថធ្វើបាន យកមកផ្សព្វផ្សាយតាមសារព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

-បន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។
-ត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន។
-បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។

លោកមេបញ្ជាការបានបន្តទៀតថា តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង ស្រុក ត្រូវជំរុញការងារប្រឡងប្រណាំង បង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង និងបន្តការងារជួសជុល កសាងសំណង់ផ្សេងៗ និងបន្តការយកចិត្តទុកដាក់ លើសុខុមាលភាពទ័ពឲ្យមានអនាម័យ ការពារជម្ងឺឆ្លងគ្រប់ប្រភេទផងដែរ។

លោកមរបញ្ជាការ បានកោតសរសើរដល់កម្លាំងអាវុធហត្ថគ្រប់បណ្ដា ស្រុក ក្រុង ដែលកន្លងមកយកចិត្តទុកដាក់ ទាំងការចុះធ្វើប្រតិបត្តិការបង្រ្កាបបទល្មើស ក៏ដូចការងារចូលរួមសង្គម ដូចជាជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កម្លាំងតាមមូលដ្ឋានដែលនៅជាប់ព្រំដែនថៃ ត្រូវទប់ស្កាត់ការជួញដូរផាវពីប្រទេសជិតខាង និងទប់ស្កាត់ការដាក់លក់នៅតាមទីផ្សារផងដែរ។

ជាចុងក្រោយលោកមេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ពេលស្រវឹងហាមបើកបរ ព្រោះគ្រោះថ្នាក់ចរាចរ មិនត្រឹមតែម្នាក់ឯងនោះទេ អាចរហូតដល់គ្រួសារទៀតផង។

ក្នុងកិច្ចប្រជុំនោះដែរក៏មានការផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នៅថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នាពេលខាងមុខនេះផងដែរ៕