ភ្នំពេញៈ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោមចំណងជើងថា “ស្ងាត់ឈឹង! ស្ត្រីម្នាក់ត្រូវ២នាក់ប្តីប្រពន្ធ ព្រួតវាយរហូតចង់ឆ្កួត តែជាងកន្លះឆ្នាំហើយ មន្ត្រីអាវុធហត្ថនិងមន្ត្រីតុលាការខេត្តកំពង់ឆ្នាំងមិនទាន់បានដោះស្រាយជូន”
ខ្ញុំបាទសូមជម្រាបជូនសាធារណជនអោយបានជ្រាបថា កងរាជអាវុធហត្ថ គឺជានគរបាលយុត្តិធម៌។
យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នគរបាលយុត្តិធម៌ គឺជាជំនួយរបស់អំណាចតុលាការ។ នគរបាលយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង។ អំណាចទាំងឡាយ ដែលផ្តល់ឱ្យមន្ត្រីអាវុធហត្តខុសគ្នាទៅតាមពេលដែលមន្ត្រីនោះបម្រីការក្នុងក្របខណ្ឌនៃការស៊ើបអង្កេតករណីជាក់ស្តែង ឬក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម។
ចំពោះករណីបទល្មើសខាងលើ គឺជាករណីដែលធ្វើការស៊ើបអង្កេតបឋម មន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងតាំងពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
អាស្រ័យដូចបានជម្រាបជូនខាងលើនិងយោងតាមច្បាប់ មន្ត្រីអាវុធហត្ថពុំមានសមត្ថកិច្ចដោះស្រាយបណ្តឹងព្រហ្មទណ្ឌទេ គឺមានសមត្ថកិច្ចចំណាត់ការបណ្តឹងនៃរឿងក្តីព្រហ្មទណ្ឌតាមនីតិវិធីនៅពេលទទួលបានការប្តឹង ហើយបញ្ជូនសំណុំរឿងក្តីនេះទៅអយ្យការ។ ចំពោះសំណុំរឿងក្តីខាងលើបានបញ្ជូនរួចរាល់ហើយ គឺផុតពីសមត្ថកិច្ចរបស់កងរាជអាវុធហត្ថហើយ។
សូមសាធារណជនមេត្តាជ្រាបតាមការគួរ។
សូមអរគុណ!
(អ.ប ឧ. អេង ហីុ)