បន្ទាយមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយវិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថសរុបចំនួន១២០នាក់។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសកម្លាំងដែលត្រូវទៅការពារតាមមណ្ឌល និងការិយាល័យបោះឆ្នោតត្រូវអនុវត្តតាមវិធានការ១១ចំណុច ដែល បានដកស្រង់ចេញពី ក្រមនីតិវិធីរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ក៏បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងការពារគ្រប់មណ្ឌល និងការិយាល័យបោះឆ្នោត ត្រូវការពារក្នុងនិងក្រៅបរិវេណឃោសនាបោះឆ្នោតគ្រប់គណបក្សនយោបាយ មណ្ឌលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ក៏បានមានប្រសាសន៍បន្ថែមបន្តទៀតថា កម្លាំងការពារតាមមណ្ឌល និងការិយាល័យបោះឆ្នោតត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ឬសកម្មភាពបំពារបំពានច្បាប់ផ្សេងៗទៀត ដែលជាហេតុបង្កឲ្យមានការភ័យខ្លាច និងប៉ះពាល់បរិយាកាស នយោបាយ និងសន្តិសុខជាតិទាំងមូល។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ត្រី ក៏បានសង្កត់ធ្ងន់ថា កម្លាំងដែលត្រូវបានចាត់តាំងឲ្យបំពេញភារកិច្ចការពារសន្តិសុខសម្រាប់ការបោះឆ្នោត ត្រូវប្រមូលផ្ដុំកម្លាំងសហការឲ្យបានល្អ និងប្រើប្រាស់គ្រប់វិធានការជំនាញ គ្រប់មធ្យោបាយ និងសម្ភារ:លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតផងដែរ។