You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

បន្ទាយមានជ័យៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៣០នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជនមួយក្រុមកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន០៤នាក់ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបរិវេណក្រុមហ៊ុនកាស៊ីណូផ្កាយ៥(ផារាមិច) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ កម្លាំងកងរាជអាវុធហត្ថ បានចាប់យកនូវវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន១១កូនថង់មានទម្ងន់៣,០២ក្រាម ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូចំនួន០២គ្រឿង កាំបិតសាំម៉ូរ៉ៃចំនួន០១ដើម កាំបិតច្នៃដងដែកទីបចំនួន០១ដើម។

ជនសង្ស័យទាំង០៤នាក់ត្រូវបានបញ្ជូនមកបញ្ជាការការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីកសាងសំណុំឯកសារបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសាកសួរបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមានឈ្មោះៈ
១/ពាក់ វណ្ណេត ហៅ ណេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២/ឈ្មោះ សុខ ភ័ណ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣/ឈ្មោះ ភាព ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៤/ឈ្មោះ តាន់ វាសនា ហៅ ភក្ត្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍បន្ថែមទៀតថា ក្រោយពីអាវុធហត្ថជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យទាំង០៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនយកមករក្សាទុកដើម្បីចែកចាយ និងប្រើប្រាស់ពិតប្រាកដមែន ព្រមទាំងលាក់ទុកកាំបិតក្នុងម៉ូតូដើម្បីការពារខ្លួនទៀតផង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ឡាក់ ភី)