ប្រតិបត្តិការចំនួន០៣លើក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

បាត់ដំបងៈ ជនសង្ស័យចំនួន០៥នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សី បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យទាំង០៥នាក់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ គឺធ្វើឡើងជា០៣លើក ដោយប្រតិបត្តិការលើទី០១ គឺធ្វើឡើងនៅវេលាម៉ោង ២២ និង០០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនសង្ស័យទាំង០២នាក់នោះរួមមានឈ្មោះៈ
១. ហាក់ ហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់ស្តៅ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២. ពេង ចន្ថា ហៅតួក ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិទួលធ្នង់ ឃុំព្រៃស្វាយ
ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់
២. ម៉ូតូ ចំនួន០១គ្រឿង។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យទាំង០២នាក់នោះ ត្រូវបានបញ្ចូនទៅមូលដ្ឋានស្រុក ដើម្បីបន្តធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែយកថ្នាំញៀនទៅចែកចាយនៅចំណុចកើតហេតុខាងលើ និងថ្នាំញៀនទាំងនោះបានទិញមកពីបក្ខពួកម្នាក់ ឈ្មោះ យើន ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក៏បានបន្តធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ថែមទៀត ស្ថិតនៅចំណុចភូមិមោង ឃុំ
មោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនសង្ស័យនោះរួមមានឈ្មោះ អ៊ួម អ៊ុយ ភេទ
ប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
២. ម៉ូតូ ចំនួន០១គ្រឿង។

មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សី បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យ០៣នាក់ បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះ ពួកគេបានពីបក្ខពួកតែមួយ គឺមានឈ្មោះ យើន ដែលជាមេក្លោង។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង០១ និង០០នាទីឈានចូល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក៏បានបន្តធ្វើការស្រាវជ្រាវរហូតអាចឈានទៅដល់ ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត ខណ:ពេលដែលអ្នកទាំង២ កំពុងជិះតាមផ្លូវ ស្ថិតនៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនសង្ស័យ ទាំងនោះរួមមានឈ្មោះ ៈ
១. លឿត សំណាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២. ហា ហាល់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងដោយធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់
២. ម៉ូតូ ចំនួន០២គ្រឿង
៣. ទូរស័ព្ទ ចំនួន០៧គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកមេក្លោងឈ្មោះ យើន ត្រូវបានមន្ត្រីជំនាញ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។


(អត្ថបទៈ ម៉ាន់ ដាវីត)

អត្ថបទដែលជាប់ទាក់ទង