រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តរតនីរី និងលោក ផាត់ សម្បត្តិ អភិបាលរង នៃគណ:អភិបាលស្រុកអណ្ដូងមាស បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់
នៃគ្រឿងញៀន ជូនដល់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យអណ្ដូងមាស ស្ថិតក្នុងភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូមាស
ខេត្តរតនគិរី សរុបចំនួន៤៥៤នាក់ ក្នុងនោះមានស្រីចំនួន១៨២នាក់។
លោក ផាត់ សម្បត្តិ អភិបាលរង នៃគណ:អភិបាលស្រុកអណ្ដូងមាស បានសំដែង នូវអំណអរគុណ ដល់មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានអញ្ជើញមកអប់រំច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុក ព្រមទាំងបានផ្ដាំផ្ញើ ដល់ សមាជិក សមាជិកា ក្នុងអង្គពិធី យកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ របស់ មន្ត្រីកងរាជអាវុធហត្ថ ហើយក៏សុំអោយមានកម្មវិធីនេះកើតមានជាបន្តបន្ទាប់ផងដែរ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ គិន វណ្ណា ក៏បានផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ លេខ០១ផក ចុះថ្ងៃទី ១៣/ធ្នូ/២០១៦របស់រាជរដ្ឋាភិបាល មកផ្សព្វផ្សាយ ធ្វើបទបង្ហាញ ច្បាប់ស្ដីពីការ ត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួន ពាក់ពន្ធ័ និងការ ដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការពន្យល់អំពី ផលប៉ះពាល់នៃ ការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិក សមាជិការ ដែលបានចូលរួមផងដែរ។
ជាចុងបញ្ចប់នៃកម្មវិធី គណ:អធិបតី ក៏បានចែកអំណោយ របស់ ឯកឧត្តម គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ជូនដល់ សិស្សានុសិស្ស ដែលបានចូលរួម
មាន សៀវភៅ ប៊ិច ខ្មៅដៃ ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)