កំពង់ចាមៈ នៅវេលាម៉ោង 0១ និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិចេកឈ្វា ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹង ពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ថង ហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះកណ្តាល ឃំុពាមកោះស្នា ស្រុកស្ទឹងត្រង់
០២. ណែប វណ្ណះ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសង្កែលិច ឃំុពាមកោះស្នា ស្រុកស្ទឹងត្រង់
០៣. សុខ ជា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលរការ ស្រុកស្ទឹងត្រង់
០៤. គ្រុយ បារាំង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់
០៥. ឆេង មករា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្ទួយ៤ ឃំុអូម្លូ ស្រុកស្ទឹងត្រង់។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់ខាងលើនេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម នៅចំណុចកើតហេតុខាងលើ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រើវិធានការញ៉ុះញង់ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបាន ជនសង្ស័យទាំង០៥នាក់ខាងលើនេះ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៤៨កញ្ចប់
០២. ម៉ូតូ ចំនួន០៤គ្រឿង
០៣. ទូរស័ព្ទដៃ ចំនួន០៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ និងវិចខ្ចប់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)