បន្ទាយយមានជ័យ: នៅរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង និងនាយ
អាវុធហត្ថ ព្រមទាំងមន្ត្រីជំនាញគ្រឿងញៀន ចុះធ្វើការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោម ដើម្បីរកនូវសារជាតិញៀនដល់មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៧៧នាក់។
ការត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមដើម្បីរកសារជាតិញៀននេះ គឺកម្លាំងអាវុធហត្ថទាំង៧៧នាក់ មានចិត្តសប្បាយរីករាយ និងស្ម័គ្រចិត្តក្នុងការធ្វើតេស្តនេះ។ ជាលទ្ធផលក្នុងការពិនិត្យនិងធ្វើតេស្តទឹកនោម ដល់មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៧៧នាក់នោះ គឺពុំមានមន្ត្រីកងរាជអាវុធហត្ថណាម្នាក់មានការពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀនឡើយ។ ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូ រិន្ទ បានធ្វើការកោតសរសើរដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលមិនជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀននេះ។ បន្ទាប់ពីការធ្វើតេស្តរួចមក ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះ តួនាទី ភារកិច្ច របស់ខ្លួន ជាពិសេស ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថភាព ជូនប្រជាពលរដ្ឋ។ លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាមន្រ្តីអនុវត្តន៍ច្បាប់ កម្លាំងអាវុធហត្ថទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ បង្ការ បង្ក្រាប និងសង្រ្គោះ មិនថា ជនជាតិខ្មែរយើងបណ្ណោះទេ ជនជាតិណាក៏ដោយ យើងត្រូវតែជួយសង្គ្រោះទាំងអស់ឲ្យតែរស់នៅលើទឹកខ្មែរយើង។ លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយ:៦ខែ លើកទី១ របស់រាជរដ្ឋាភិបាល ចូលរួមបង្រ្កាបរាល់បទល្មើសដែលកើតមានឡើង ជាក់ស្ដែង៖ ដូចជា ការកាប់ឈើខុសច្បាប់ ការជីកកកាយរករ៉ែ នេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិជាដើម។
លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកថ្មីៗនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រគល់មុខងារមួយបន្ថែមទៀត ជាប្រធានគណះកម្មការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បានលើកយកទិសដៅអនុវត្តន៍បន្តទាំង២៤ចំណុច របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្សព្វផ្សាយបន្តដល់នាយ នាយរង និងពលអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតផងដែរ។
(អត្ថបទៈឡាក់ ភី)