ព្រះសីហនុៈ ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ធ្វើឡើងនៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ០៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ ឡុង វ៉ាន់ដា ហៅត្រេន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនេសាទសមុទ្រ រស់នៅចំណុចក្រុមទី៤៧ ភូមិ០៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថខេត្ត ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀនទាំងនោះពី បក្ខពួកចំនួន០៤នាក់ទៀត ដែលរួមមានឈ្មោះ ៈ
១. ផាត់ សុភា ហៅង៉ែត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប (មេជួញដូរគ្រឿងញៀននៅភូមិថ្មី)
២. ឡុង ចិន្តា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ
៣. ស្តើង សុធាវី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរចាក់ឌីស (អ្នកទៅយកថ្នាំ ពីអាង៉ែតទៅឲ្យអ្នកទិញ)។
៤. ម៉ែន រ៉ាឌឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសេរី (បក្ខពួក)។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម នៅវេលាម៉ោង ១៨ និង៣០នាទីល្ងាច ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថ ក៏បានចេញប្រតិបត្តិការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នោះ ដោយជោគជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន៤១កញ្ចប់ និងថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០១គ្រាប់
២-ម៉ូតូ ចំនួន០១គ្រឿង
៣-ទូរស័ព្ទ ចំនួន០៣គ្រឿង
៤-ក្បាលមាន់ផ្សារកញ្ចប់ថ្នាំញៀនចំនួន០១ និងកន្ត្រៃចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ថា លោក ឧត្តមសេនីយ៍ត្រី នឹងប្តេជ្ញា បង្ក្រាប រាល់បទល្មើស ដែលកើតមានឡើងនៅក្នុងខេត្ត អោយបាន១០០ភាគរយ ដើម្បីធានាសុវត្ថិភាព ជូនបងប្អូន ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ត ទទួលបាននូវ ទំនុកចិត្ត និងភាពកក់ក្តៅ។
(អត្ថបទ ម៉ាន់ ដាវីត)