You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ៖ វិធីសាស្ត្រនៃការកែទម្រង់ គឺធ្វើការកែពីថ្នាក់លើទៅថ្នាក់ក្រោម!

នាយឧត្តមសេនីយ៍ សៅ សុខា ៖ វិធីសាស្ត្រនៃការកែទម្រង់ គឺធ្វើការកែពីថ្នាក់លើទៅថ្នាក់ក្រោម!

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើសង្កថាស្តីពីកំណែទម្រង់កងរាជអាវុធហត្ថ ជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយ.នាយរងការិយាល័យ នាយករងវិទ្យាស្ថាន ប្រធាមន្ទីរ ព្រមទាំងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២៦ ជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាកំណែទម្រង់កងរាជអាវុធហត្ថគឺ៖

១. គោលដៅ៖ ថែរក្សាវប្បធម៌ ស្នាដៃ និងសមិទ្ធផលរបស់កងរាជអាវុធហត្ថឱ្យស្ថិតស្ថេរគង់វង់យូរអង្វែង និងផ្តល់ឱកាសដល់អ្នកបន្តវេន

២. គោលបំណង៖ ផ្តល់នូវចំណេះដឹង សំដៅផ្តល់ឱ្យយោធិនម្នាក់ៗ​មានទស្សនៈត្រឹមត្រូវ និងមានជំហររឹងមាំចូលរួមនិងគាំទ្រដំណើរការធ្វើកំណែទម្រង់

៣. សំណូមពរ៖ ធានាបាននូវការបង្រួបបង្រួមជាតិ និងនីតិរដ្ឋ។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ មេបញ្ជាការ បានឱ្យដឹងថាយោងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងអាវុធហត្ថបានចូលរួមៈ

១-ទំនើបកម្មរចនាសម្ព័ន្ធ

២-ទំនើបកម្មការហ្វឹកហ្វឺន

៣-ទំនើបកម្មគ្រឿងបំពាក់។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាៈ រចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថចែកចេញជា ៣ផ្នែក៖

១. ផែ្នកប្រតិបត្តិការ (តួនាទី ភារកិច្ច)

២. ផ្នែកទ្រទ្រង់

៣. ផ្នែកនីតិកម្ម និងត្រួតពិនិត្យ។

ចំពោះស្ថាប័ន កងរាជអាវុធហត្ថមានសេនាធិការដ្ឋាន (ស្នងការដ្ឋាន) និងអង្គភាពស្រុក ក្រុង ខណ្ឌ ចំណែកអង្គភាពមានកងរាជអាវុធហត្ថចល័ត, អង្គភាពព័ត៌មានសន្តិសុខ, អង្គភាពនគរបាលយុត្តិធម៌, អង្គភាពទ័ពជំនាញ, ឃ្លាំង, គិលានដ្ឋាន, បញ្ជាការដ្ឋានរដ្ឋបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា៖ ការងារធ្វើកំណែទម្រង់គោលដៅគឺធានាដំណើរការប្រព្រឹត្តិទៅរបស់រដ្ឋ, ត្រូវតែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ, វិធីសាស្ត្រនៃការកែទម្រង់ គឺធ្វើការកែពីថ្នាក់លើទៅថ្នាក់ក្រោម ។ អំពីស្ថានភាពបុគ្គលិកចំនួនទ័ព ឋានន្តរសក្តិ ចូលនិវត្តន៍។ ការងារហ្វឹកហ្វឺន មធ្យោបាយ គ្រឿងបំពាក់ វិធានការកសាងកងរាជអាវុធហត្ថស្អាតស្អំ ជាយោធិនដែលប្រកាន់ខ្ជាប់នូវវិន័យ និងជាយោធិនគំរូក្នុងការគោរពច្បាប់ ទាំងការរស់នៅ ធ្វើការ និងរៀនសូត្រ។