បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចារ្យមកពីកងពលតូចថ្មើរជើង៥១ សរុបចំនួន១៤៨នាក់។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព នៃការយល់ដឹងដល់កងកម្លាំង ជាពិសេសយើងជាកម្លាំងអាវុធហត្ថ ជាកម្លាំងនគរបាល ត្រូវមានកាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។ ជាមួយគ្នានោះលោក ឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានដាក់ចេញនូវចំណុចការងារមួយចំនួនដល់សិក្ខាកាម ដូចខាងក្រោម៖
១. សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលារៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ ។
២. ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំនាញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាពការយល់ដឹង ក្នុងការបំពេញការងារនាពេលអនាគតឱ្យបានកាន់តែល្អប្រសើ។
៣. សូមឱ្យយោធាចារ្យទាំងអស់យកអស់ចំណេះដឹង សមត្ថភាពដែលខ្លួនមាន ផ្តល់ជូន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺន សំដៅធ្វើយ៉ាងណាក្នុងគោលបំណង បង្កើនសមត្ថភាព បង្កើនចំណេះដឹង ជូនដល់សិក្ខាកាម ។
៤. ត្រូវយកចិត្តទុកដាក់ថែរក្សាមធ្យោបាយឧបករណ៍បរិក្ខារ គ្រឿងបំពាក់ លើកកម្ពស់ ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ពិសេសលើកកម្ពស់មនសិការចូលរួមអនុវត្តទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ តាមតួនាទីភារកិច្ចរៀងៗខ្លួន។
៥. អនុវត្តម៉ឹងម៉ាត់បទបញ្ជា គោរពវិន័យ ឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងការគោរពច្បាប់របស់រដ្ឋ ។
៦. ត្រៀមកម្លាំងមធ្យោបាយ យុទ្ធោបករណ៍ សម្ភារៈសឹក ត្រៀមអនុវត្តបទបញ្ជា និងអន្តរាគមន៍ក្នុងកិច្ចការពារសន្តិសុខសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះពលរដ្ឋ នូវគ្រប់ហេតុការណ៍ និងគ្រោះមហន្តរាយផ្សេងៗ ។
៧. ត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ សហការការពារសន្តិសុខ រក្សាសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខឱ្យមានភាពល្អប្រសើ។