បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងបំពាក់ឋានន្តសក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
នាឱកាសនោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។
លោកឧត្តមសេនីយ៍ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ត្រូវមានសុជីវធម៌ល្អសីលធម៌ល្អ ក្លាហានម៉ឺងម៉ាត់ក្នុងការងារ និងមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការអនុវត្តភារកិច្ចកិច្ច។ជាមួយគ្នានោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ៗដល់អាវុធហត្ថគ្រប់រូបមិនត្រូវពាក់ព័ន្ធគ្រឿងញៀនឡើយ ជាពិសេសមិនត្រូវមានការអន្តរាគមន៍ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត បើមានត្រូវតែបង្ក្រាបដោយគ្មានការលើកលែងឡើយ។
លោកមេបញ្ជាការការ បន្តថា ដើម្បីឱ្យអង្គភាពរឹងមាំយើងត្រូវរួមគ្នាថែរក្សាប្រើប្រាស់ឱ្យបានល្អនូវមធ្យោបាយ បរិក្ខារ គ្រឿងបំពាក់រួមគ្នា និងថែទាំអគារធ្វើការងារ អគារស្នាក់នៅ និងសមិទ្ធផលនានាដែលយើងមាន។ ជាពិសេសដើម្បីបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ពោលគឺការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះថ្នាក់ផ្សេងៗ៕