ភ្នំពេញ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមសេចក្តីណែនាំ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខៈ០២ សណន ចុះថ្ងៃទី២៤/០២/២០២៣ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពីធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ដោយមានការចូលរួមពីលោក ស្នងការរង នាយការិយាល័យចំណុះ ប្រធាន អនុប្រធាន អង្គភាពនគរបាលយុត្តិធម៌ និងនាយផ្នែកជំនាញចំណុះ។
លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានសំដែងនូវកិច្ចស្វាគមន៍ យ៉ាងជ្រាលជ្រៅ និងបានពាំនាំនូវក្តីនឹករលឹក ការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល ឯកឧត្តម តែងតែគិតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតនាយទាហានយើង។ បានផ្តាំផ្ញើយោធិនសោធននិវត្តន៍ សុំបន្តវប្បធម៌ដ៏ល្អរបស់កងរាជអាវុធហត្ថ ដោយធ្វើខ្លួនឲ្យល្អ រស់នៅជាមួយអជ្ញាធរមូលដ្ឋាន រក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ម្នាក់ៗទទួលបាននូវ៖ អង្ករ ១បាវ, ភេសជ្ជះ ០១កេស, ស្រាបៀ១កេស, មីម៉ាម៉ា ០១កេស, ត្រីខកំប៉ុង ០២យួ,ទឹកត្រី ០១យួ, ទឹកស៊ីអ៊ីវ 0១យួ និងថវិកា ២០ម៉ឺនរៀល។