Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល បង្ក្រាបបទល្មើសព្រៃឈើ
ក្រចេះៈ ដោយគោរពតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ពង្រឹង លើកិច្ចការងារបង្ក្រាបបទល្មើសព្រៃឈើ ជាក់ស្តែង នៅវេលាម៉ោង០៤ និង០០នាទីទាបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់រថយន្តខាងលើនេះ គឺធ្វើឡើងស្របពេលដែលរថយន្តខាងលើបំរុង ដឹកជញ្ជូនឈើប្រណិតទាំងនោះ ទៅប្រទេសវៀតណាមកាត់តាមខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្ត NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2AA-1830
រួមជាមួយឈើប្រណិតពេញមួយរថយន្ត (មិនទាន់វាស់វែង)។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។

(អត្ថបទៈ ម៉ាន់ ដាវីត)

