ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
រយៈពេលប៉ុន្មានថ្ងៃនេះ មានព័ត៌មានជាច្រើនដែលបានផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាននានា អំពីពាក្យសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធិសភា និងទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងករណីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន១រូប ប្រើប្រាស់អំណាច តួនាទីសម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមគោរពជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថបានទទួលព័ត៌មាននេះជាច្រើនថ្ងៃមកហើយ យើងខ្ញុំក៏បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងសេចក្តីបញ្ជាក់របស់តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង អំពីរឿងហេតុនេះដូចខាងក្រោម៖
១-នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីជីករុករករ៉ែដោយខុសច្បាប់ប្រព្រឹត្តនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បានចុះផ្ទាល់ក្នុងការដឹកនាំនិងសម្របសម្រួលនីតិវិធីរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា វុទ្ធី មកសាកសួរនៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា គាត់បានសម្របសម្រួលនីតិវិធី និងសម្រេចឱ្យឃាត់ខ្លួនដើម្បីសួរនាំ រហូតបញ្ជូនសំណុំរឿងនិងឈ្មោះ ជា វុទ្ធី មកដល់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ត។
២-លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា រូបគាត់និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ មិនបានសម្លុត គំរាមកំហែងទៅលើឈ្មោះ ជា វុទ្ធី ដូចការចោទប្រកាន់នោះឡើយ។
ទោះយ៉ាងណា កងរាជអាវុធហត្ថ នៅតែទទួលយកពាក្យបណ្ដឹង នឹងធ្វើការស្រាវជ្រាវរកការពិត ពីព្រោះយើងខ្ញុំមានតួនាទី ភារកិច្ច ការពារ បម្រើ សង្គ្រោះប្រជាជន គ្រប់កាលៈទេសៈ និងត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យរៀបចំក្រុមការងារ ដើម្បីចុះធ្វើការត្រួតពិនិត្យ ស្រាវជ្រាវឱ្យឃើញការពិត ទាំងការដឹកនាំបញ្ជា និងការកសាងនីតិវិធី។
កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ប្តឹងបុគ្គលនោះវិញ ក្នុងករណីរកមិនឃើញកំហុសក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់យោធិននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីការពារអង្គភាព និងបុគ្គលិកនៃកងរាជអាវុធហត្ថ។
ដូចបានគោរពជម្រាបជូនខាងលើ សូមជ្រាបជាព័ត៌មាន។
ខ្ញុំបាទ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអរគុណ។