កណ្តាលៈ នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (លើផ្លូវជាតិលេខ6 ចន្លោះគីឡូម៉ែត្រលេខ23-24) កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ លន់ សំអាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងស្របពេលដែលជនសង្ស័យបំរុងនឹងធ្វើសកម្មភាពចែកចាយនូវសារធាតុញៀនទាំងនោះ ប៉ុន្តែសំណាងអាក្រក់ ក៏បានជួបប្រទះនឹងកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើសកម្មភាពយាមល្បាត ក៏ធ្វើអោយជនសង្ស័យមានការភិតភ័យ ហើយបានរត់។ ពេលនោះដោយមានការសង្ស័យ កម្លាំងកងរាជអាវុធហត្ថក៏ធ្វើការឃាត់ខ្លួនភ្លាមៗ និងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់
០២. ទូរស័ព្ទ ចំនួន០៣គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង និងសម្ភារៈមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។