ភ្នំពេញៈ បន្ទាប់ពីមានការភ្ជាក់ផ្អើល ពេលប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានស្លាប់ក្នុងប្រឡាយ ចាក់សំរាមដោយចងផ្អោបជាមួយដុំថ្មជាង១០គីឡួក្រាម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦ វេលាម៉ោង ១០.៣០នាទី
នៅចំណុចតាមបណ្តោយផ្លូវលំខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កន្លងទៅ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់ និងបានចង្អុលបង្ហាញ បញ្ជាផ្ទាល់ ដល់ស្នងការ នៃស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះឲ្យខាងតែបាន។
ក្រោមការដឹកនាំស្រាវជ្រាវស៊ើបអង្កេតរបស់ស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការកំណត់មុខសញ្ញាជនសង្ស័យ។
លុះដល់ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង១៨ និង៣០នាទី អាវុធហត្ថខណ្ឌពោធិសែនជ័យនៃរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនដៃដល់ជាឃាតករបាន នៅម្តុំរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមចម្លើយសារភាពរបស់ជនល្មើស បានបញ្ជាក់ថាខ្លួនពិតជាឃាតករ ដែលសម្លាប់ជនរងគ្រោះដោយផ្ទាល់ដៃពិតប្រាកដមែន។
ដើមហេតុនៃរឿងឃាតកម្មនេះគឺ ឃាតករឈ្មោះ សូ ផា ហៅអ៊ូក អាយុ២៩ឆ្នាំ និងជនរងគ្រោះឈ្មោះ កៅ ផា អាយុ៥០ឆ្នាំ រាប់គ្នាជាឪពុកធម៌និងកូនធម៌ ។
រយៈពេលជាងពីរខែមកនេះ ជនរងគ្រោះបានយកលុយដែលកូនធ្វើការនៅកូរ៉េផ្ញើមកឲ្យសន្សំទុកចំនួន ១២,០០០$ ទិញឡាន១២កៅអី រត់តាក់ស៊ី និងចាកចេញពីផ្ទះ មករស់នៅជាមួយប្រពន្ធចុង ទើបប្រពន្ធដើមរបស់ជនរងគ្រោះ បានប្រាប់ឈ្មោះ សូ ផា ជាកូនធម៌ ឲ្យជួយធ្វើយ៉ាងណាយកឡានរបស់ប្តីគាត់ ត្រឡប់ទៅផ្ទះវិញឲ្យបាន គាត់ឲ្យ១,០០០$។
ហើយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣ល្ងាច ឃាតករ បានទូរសព្ទ័មកជនរងគ្រោះដើម្បីជួលឡានទៅសៀមរាប ក្នុងតំលៃ២៥០$ដោយប្រាប់ជនរងគ្រោះថាចាំទទួលគូដណ្តឹង មកពីប្រទេសកូរ៉េនៅព្រលានយន្តហោះខេត្តសៀមរាប ដោយចេញដំណើរនៅថ្ងៃចន្ទ័ទី១០ខែតុលាឆ្នាំ២០១៦។
ហើយនៅម៉ោង១រំលងអាធ្រាត ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដល់ព្រលានយន្តហោះគេប្រាប់ថា មិនមានជើងយន្តហោះពីកូរ៉េមកចុះនៅសៀមរាបទេ ហើយក៏ត្រឡប់មកភ្នំពេញវិញជាមួយជនសង្ស័យ។
នៅតាមផ្លូវជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកក្រូចឲ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនបានផឹក រហូតភ្លឺស្រាងៗមកដល់ ព្រំប្រទល់សៀមរាបកំពង់ធំ ជនរងគ្រោះបានឈប់ឡានបំរ៉ុងចុះជុះនោម ក៏ត្រូវជនសង្ស័យយកដំបងវាយកញ្ចឹងក និងក្បាលពីក្រោយរហូតដល់ស្លាប់ ហើយលើកសពដាក់ឡានយកមកភ្នំពេញទុកចោលមួយថ្ងៃ។
លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ទើបយកដុំថ្មចងផ្អោបជាមួយសាកសពទម្លាក់ចូលក្នុងប្រឡាយក្បែររោងចក្រកាណាឌីយ៉ាតែម្តង ហើយក៏សម្ងំលាក់ខ្លួនក្នុងផ្ទះជួលក្បែរហ្នឹង រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន។