សៀមរាបៈ ជនសង្ស័យចំនួន០៩នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួននេះគឺធ្វើឡើងនៅវេលាម៉ោង ២៤ និង០០នាទីអាធ្រាត្រ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ឧត្តមសេនីយ៍ត្រី បានថ្លែងបន្តប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ គឺសុទ្ធតែជាមុខសញ្ញាចាស់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានតាមដាននូវសកម្មភាពរបស់ពួកគេជាយូរមកហើយ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់ ដែលមានទម្ងន់ស្មើ ៥.១១ក្រាម
០២. ទូរស័ព្ទ ចំនួន១៤គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។