កែប៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បាននិងកំពុងប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ អស់លោក មន្ត្រីរាជការជុំវិញខេត្ត នាយទាហាននៃកងរាជអាវុធហត្តខេត្ត ជាច្រើនរូបផងដែរ។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖ _ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
_ឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប។