ប្រវត្តិសង្ខេប របស់ កងរាជអាវុធហត្ថ

29

កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬ Gendarmerie (The word gendarme comes from the Old French gens d’armes, meaning men-at-arms) មានន័យថាបុរសប្រដាប់ដោយអាវុធ។

តាមការសិក្សាស្រាវជ្រាវ ប្រទេសបារាំងជាអ្នកបង្កើតកងរាជអាវុធហត្ថមុនគេបង្អស់ រហូតដល់បច្ចុប្បន្ន។ នៅលើពិភពលោកនេះ ប្រទេសដែលមានកម្លាំងកងរាជអាវុធហត្ថចំនួនប្រមាណ៤០ប្រទេសប៉ុណ្ណោះ និងភាគច្រើននៅអ៊ឺរុប។
កងរាជអាវុធហត្ថ=កង+រាជ+អាវុធ+ហត្ថ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖ “កង” មានន័យថា ពួក ក្រុម កងទ័ព, “រាជ” មានន័យថា អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ, “អាវុធ” មានន័យថា គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ “ហត្ថ” មានន័យថា ដៃ។ ជារួមយើងអាចឱ្យអត្ថន័យកងរាជអាវុធហត្ថបានថា គឺជាក្រុម ឬកងប្រដាប់ដោយគ្រឿងចម្បាំងផ្សេងៗ ញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ។

កន្លងទៅ សាធារណជនមួយចំនួនគាត់មិនទាន់យល់ច្បាស់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថនៅឡើយទេ ព្រោះនៅពេលកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជនសង្ស័យជាជនស៊ីវិលនៅក្នុងករណីបទល្មើសជាក់ស្តែងមួយ សាធារណជនខ្លះគាត់បាននិយាយថា ហេតុអ្វីបានជាប៉េអឹម “PM” មកចាប់ជនស៊ីវិល ប៉េអឹមចាប់បានតែទាហានប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ សាធារណជនខ្លះគាត់បានហៅកងរាជអាវុធហត្ថថា ប៉េអឹម “PM” ការហៅនេះមិនមែនខុសទាំងស្រុងនោះទេ គឺគ្រាន់តែមិនទាន់ត្រឹមត្រូវល្អ ព្រោះពាក្យ ប៉េអឹម “PM=Police Military” គឺជាតម្រួតយោធា ហើយតម្រួតយោធា គឺជាផ្នែកមួយនៃភារកិច្ចរបស់កងរាជអាវុធហត្ថប៉ុណ្ណោះ។

កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយមតាមព្រះរាជក្រឹត្យលេខ៤៤៦SNនិង៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយមានឈ្មោះថា កងរាជអាវុធហត្ថខ្មែរ “GENDARMERIE ROYALE KHMERE អក្សរកាត់ GRK”។

ដោយសារការវិវត្តនៃរបបនយោបាយ កងរាជអាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧១។
កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោលដូចស្ថាប័នផ្សេងៗដែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធាដែលធ្វើកិច្ចការខាងត្រួតត្រាបទបញ្ជានិងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។

នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឱ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋានក៏មានកងអាវុធហត្ថផងដែរ ហេតុដូចនេះហើយ បានជាយើងចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។
នៅពេលនោះ តួនាទីភារកិច្ចរបស់កងអាវុធហត្ថត្រឹមតែតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។
ទន្ទឹមនឹងនោះដែរ អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទបានចេញសេចក្តីសម្រេចជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហានតាមកងឯកភាពនានាទូទាំងប្រទេសដែលមានលក្ខណៈសម្បត្តិល្អតាមការកំណត់ ហើយចាប់ផ្តើមដំណើរការហ្វឹកហ្វឺនជំនាញឯកទេស វិជ្ជាជីវៈកងរាជអាវុធហត្ថ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា “អ៊ុនតាក់”។

យោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ចនិងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា បានពង្រីកវិសាលភាពតួនាទីភារកិច្ចកងរាជអាវុធហត្ថបន្ថែម។

អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។

បេសកកម្មរបស់កងរាជអាវុធហត្ថមានចែងក្នុងមាត្រា៤នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖
១-រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខសង្គមនិងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។
កងរាជអាវុធហត្ថរ៉ាប់រងឱ្យមានការគោរពច្បាប់និងបទបញ្ជាទាំងឡាយ។

២-រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌នៅពេលដែលទទួលបាននីតិសម្បទាតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
កងរាជអាវុធហត្ថពិនិត្យបទល្មើសព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាចឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។

៣-បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាពបំពេញតួនាទីជាកងកិត្តិយសការពារទីតាំងយោធា និងកិច្ចការ ប៉ូលីសយោធានៅក្នុងនិងក្រៅទីតាំងកងទ័ព។ ៤-ផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ រវាងសាធារណរដ្ឋបារាំងនិងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងអនុស្សរណៈបានសង្កត់ធ្ងន់ភាគីបារាំងទទួលខុសត្រូវជួយកសាងធនធានមនុស្សឱ្យស្របតាមតួនាទីភារកិច្ច ដូច្នេះហើយបានជាវគ្គបណ្តុះបណ្តាលកងរាជអាវុធហត្ថចាប់ដំណើរការឡើងក្នុងឆ្នាំ១៩៩៤ ដោយរៀបចំជួសជុលនិងសាងសង់ សាលាកងរាជអាវុធហត្ថកំបូល ព្រមទាំងទទួលបានសម្ភារៈ មធ្យោបាយមួយចំនួនពីប្រទេសបារាំង។

នៅគ្រាដំបូងយើងមានតែបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយប៉ុណ្ណោះ និងបន្ទាប់មកទើបរៀបចំតាមបណ្តារាជធានី ខេត្តមួយចំនួនដែលចាំបាច់ក្នុងនោះមានជាអាទិ៍ សេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុងប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ក្រុងព្រះសីហនុ និងខេត្តសៀមរាប។

លុះដល់ពាក់កណ្តាលឆ្នាំ១៩៩៥ ត្រូវបានបង្កើតបញ្ជាការដ្ឋានកងរាជអាវុធហត្ថគ្រប់ខេត្ត ហើយមកដល់បច្ចុប្បន្នមាន២៥រាជធានី ខេត្ត មានកងរាជអាវុធហត្ថចល័ត និងមានសាលាចំនួន២ ក្នុងនោះមានសាលាកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ។

កន្លងទៅនេះ កងរាជអាវុធហត្ថបានរួមចំណែកជាមួយនឹងកងកម្លាំងមានសមត្ថកិច្ចផ្សេងទៀតក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ ហើយដែលលេចធ្លោជាងគេនោះ គឺការអនុវត្តគោលនយោបាយការប្រមូលអាវុធដែលលើសពីសេចក្តីត្រូវការយកទៅកម្ទេចចោល -បានចូលរួមទប់ស្កាត់នូវការបង្កចលាចលប្រដាប់អាវុធ -បានរួមចំណែកអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់អាណាធិបតេយ្យជំរិតទារប្រាក់តាមដងផ្លូវសាធារណៈ -បានរួមចំណែកក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បទល្មើសដឹកជញ្ជូនជួញដូរ ផលិតគ្រឿងញៀន បទល្មើសជួញដូរអាវុធ -សហការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាពិសេសគឺព្រៃឈើ -ការកៀងគរប្រមូលពន្ធគយ ពន្ធដារ -ពង្រឹងសណ្តាប់ធ្នាប់និងវិន័យកងទ័ព នៅតាមទីកន្លែងសាធារណៈ -ជួយសង្គ្រោះប្រជាជននៅពេលជួបគ្រោះមហន្តរាយផ្សេងៗជាពិសេសគ្រោះមហន្តរាយធម្មជាតិ -និងបានការពារសុវត្ថិភាពជូនឥស្សរជនជាតិ -គណៈប្រតិភូបរទេសនិងស្ថាប័នរបស់រដ្ឋ។ល។

រីឯ ការកសាងសមិទ្ធផលវិញ គឺបានធ្វើការហ្វឹកហ្វឺននិងបណ្តុះបណ្តាលធនធានមនុស្ស បានកសាងហេដ្ឋារចនាសម្ពន្ធ ជំរំជម្រក កន្លែងធ្វើការស្នាក់នៅរៀនសូត្រ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ ហូបឆ្អែតប្រកបដោយអនាម័យ និងការអនុវត្តគោលនយោបាយចំពោះបុគ្គលិកកងរាជអាវុធហត្ថក្នុងអង្គភាពនៅពេលជួបការលំបាក ជំងឺ ពលី មរណៈ។ល។

លើសពីនេះ បានកសាងឱ្យកងរាជអាវុធហត្ថជាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងប្រតិបត្តិច្បាប់ និងជាបង្អែកនៃខឿនសន្តិសុខរបស់ប្រជាជន។
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ គឺជាខួបលើកទី២៤ កងរាជអាវុធហត្ថបានរៀបចំប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់ខ្លួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង។ ការប្រារព្ធពិធីនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមជាអធីបតីដ៏ខ្ពង់ខ្ពស់ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី នឹងធ្វើការកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់អគារពហុសិក្សាដែលមានទំហំបណ្តោយប្រវែង៤០ម៉ែត្រនិងទទឹងប្រវែង៣៤ម៉ែត្រ ដែលបានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។

ជាមួយគ្នានេះដែរ ដើម្បីជាសក្ខីភាពក្នុងថ្ងៃខួបអនុស្សាវរីយ៍លើកទី២៤នេះ កងរាជអាវុធហត្ថនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់អគារទីចាត់ការមួយខ្នងទៀត ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងចុចប៊ូតុងឱ្យដំណើរការសាងសង់។ អគារនោះមានទំហំទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ និងកម្ពស់៣ជាន់។
កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអ្នកដឹកនាំមួយរូបដែលមានទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួមពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កងរាជអាវុធហត្ថបានត្រៀមកម្លាំងនិងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តបទបញ្ជា គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឱ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជននិងប្រទេសជាតិ។