កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ពន្លាតដែនសមត្ថកិច្ច សហការអនុវត្តដីកាបញ្ជាអោយចាប់ខ្លួន

25

បន្ទាយមានជ័យ: ទទួលបានគោលការណ៍ណែនាំពី លោកឧត្តមសេនីយ៍ត្រី វ៉ាសារិទ្ធ មេបញ្ជាការ ព្រមទាំងការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក អ៊ាង ភារ: មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៤ និង២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌ ទទួលបន្ទុកការងារព្រហ្មទណ្ឌ និងដោយមានការសហការពីសំណាក់ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះអនុវត្តដីការ បញ្ជាអោយចាប់ខ្លួន នៅចំណុចភោជនីយដ្ឋានរស្មីភ្នំពេញ(៨៨៨) ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជាប់ចោទ ម្នាក់មានឈ្មោះ ម៉ុត ម៉ៅ អាយុ៣៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៧៣ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលអោយស្លាប់ដល់អ្នកដទៃ ដែលប្រព្រឹត្តនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ បទល្មើសនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។

ជនត្រូវជាប់ចោទនោះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី៕


(អ.ប អ៊ាង ភារៈ)