ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល

113

កណ្តាល៖​ នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨​ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដោយមានការអញ្ជើញចូលរួម​ ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី ផងដែរ។
បន្ទាប់ពីលោកអនុសេនីយ៍ទោ​ រី ដូណា នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកណ្តាល បានឡើងអានសេចក្កីសម្រេចរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួលរូចមក។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានមានប្រសាសន៍ថា៖ ក្នុងនាម លោកឧត្តមសេនីយ៍មេបញ្ជាការ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃដែលនាយទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។ ការប្រកាសមុខងារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិតពីអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាង អ្វីៗ ទាំងអស់ទោះបីនៅក្នុងតម្លៃណាក៏ដោយ ដាច់ខាតមិនឱ្យបដិវត្តពណ៌បំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ ។