យុវជនផ្តាច់សារជាតិញៀននៅមជ្ឈមណ្ឌលកែប្រែកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីសប្បុរសជន នូវគ្រឿងឧបភោគបរិភោគ និងថវិកា

25

បន្ទាយមានជ័យ៖ យុវជនផ្តាច់សារជាតិញៀននៅមជ្ឈមណ្ឌលកែប្រែកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបាន សប្បុរសជន នាំយកអំណោយសំភារៈជាគឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចែកជូន នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។

ទន្ទឹមជាមួយនឹងការចុះសួរសុខទុក្ខនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះសប្បុរសជនព្រមទាំងក្រុមការងារដែលបាននាំយកអំណោយ មកចែកជូនយុវជនផ្តាច់សារជាតិញៀន នៅមជ្ឈមណ្ឌលកែប្រែ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តាច់គ្រឿងញៀនដែលរស់នៅទីនេះដោយផ្ទាល់។

លោកឧត្តមសេនីយ៍ត្រី បានបន្ដថា នេះជាចំណែកមួយក្នុងការចូលរួមយក ចិត្តទុកដាក់ជួយគិតគួរដោះស្រាយរាល់ការ លំបាករបស់កងរាជអាវុធហត្ថ ក្នុងខេត្ដបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ កាត់បន្ថយការផ្គត់ផ្គងរបស់រាជរដ្ឋាភិបាលកម្ពុជាបានមួយចំណែកផងដែរ។

លោក យិន យឿន ប្រធានមន្ទីរវប្បធម្មការ និងសាសនាខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់ក្មួយៗគ្រប់រូប សូមធ្វើយ៉ាងណាត្រូវចេះកែខ្លួនឡើងវិញដើម្បីក្លាយជាយុវជនល្អ ដែលសង្គមចូលចិត្ត និងត្រូវការមិនអាចខ្វះបាន ជាពិសេសត្រូវចូលរួមថែរក្សានូវ សុខសន្តិភាពដែលប្រទេសជាតិកំពុងតែមានដូចសព្វថ្ងៃឱ្យបានល្អ កុំស្តាប់ការញុះញង់ដោយជនខិលខូច កុំបង្ករចលាចលដែលអាចធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ព្រោះសង្គមមួយដែលមានសង្រ្គាម គឺមានតែការខាតបង់ទាំងខ្លួនឯង និងប្រទេសជាតិទាំងមូល ផ្ទុយទៅវិញប្រសិនបើប្រទេសជាតិកាន់តែអភិវឌ្ឍន៍ រីកចម្រើន នោះប្រជាពលរដ្ឋក៏កាន់តែសម្បូរសប្បាយ និងមានធនធានមនុស្សល្អៗ កាន់តែច្រើនផងដែរ ៕