នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

230

នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយល្អ និងរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កងរាជអាវុធហត្ថបានចូលរួមចំណែកក្នុងការការពារសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទទួលបាននូវទំនុកចិត្តពីសំណាក់រាជរដ្ឋាភិបាល និងសេចក្តីស្រលាញ់ពីប្រជាពលរដ្ឋ។ ទន្ទឹមនឹង ការសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថបានខិតខំប្រឹងប្រែងពុះពារគ្រប់ការលំបាក កសាងហេដ្ឋារចនាសម្ពន្ធចាប់ពីផ្ទៃប្រទេស ដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក ជានាយទាហាន នាយនគរបាល មន្ត្រីរាជការជុំវិញខេត្ត។
អគារសេនាធិការដ្ឋានមានទំហំបណ្តោយ៥៦ម៉ែត្រ ទទឹង១១ម៉ែត្រ កម្ពស់៣ជាន់ ចំណាយថវិកាសរុបចំនួន៥៤៨.០០០ដុល្លារ ក្នុងនោះលោក នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ។ តាមការសិក្សាលម្អិតរបស់វិស្វករបច្ចេកទេសជំនាញ ការសាងសង់ត្រូវចំណាយរយៈពេលចំនួន១៦ខែ។