នាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋ បានធ្វើពិធីស្រង់ព្រះក្នុងថ្ងៃចូលឆ្នាំទី៣ ដែលជាថ្ងៃវារៈឡើងស័ក

84

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្នុងថ្ងៃចូលឆ្នាំទី៣ ដែលជាថ្ងៃវារៈឡើងស័ក លោកនាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋបានប្រារព្ធពិធីស្រង់ព្រះ នារសៀលថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅវត្តទេពរង្សី ស្ថិតនៅក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

តាមគណៈកម្មការអាចារ្យវត្ត បានមានប្រសាសន៍ថា ពិធីស្រង់ព្រះប្រារព្ធធ្វើឡើងជាដំបូង យើងសំអាតព្រះពុទ្ធបដិមាក្នុងព្រះវិហារ រួចហើយទើបស្រោចទឹកទៅលើព្រះសង្ឃ បន្ទាប់មកលោកតា លោកយាយ ដែលមានអាយុច្រើនជាងគេ និងម្តាយឪពុកដែលជាព្រះរស់។ ការស្រង់ព្រះនេះ គឺរំលឹកដល់ភាពកត្តញ្ញូរបស់កូនចៅចំពោះឪពុកម្តាយ លោកតា លោកយាយ និងការឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធ ទៅដល់ជាតិក្រោយសូមឲ្យមានរូបសម្បត្តិល្អ និងឲ្យកូនចៅត្រជាក់ត្រជុំ សិក្សារៀនសូត្រពូកែ រកទទួលទានមានបាន ព្រមទាំងជួយឲ្យកូនចៅ រស់់នៅសុខដុមរមនា ចាកជៀសផុតពីឧបទ្រុបចង្រៃទាំងឡាយទាំងពួង ។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងប្រារព្ធធ្វើបុណ្យទានគ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ បានឧទ្ទិសកុសលផលបុណ្យនេះទៅដល់ឪពុកម្តាយ បងប្អូនញាតិកា ទាំងប្រាំពីរសណ្តាន ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចែកឋានទៅលោកខាងមុខ សូមមកទទួលយកកុសលផលបុណ្យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ទទួលបានមគ្គផលដូចៗគ្នា។