តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំយកមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ជិត៦០លានរៀល ទៅជូនក្រុមគ្រួសារ សពអាវុធហត្ថទី២១

161

រាជធានីភ្នំពេញៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងសហការី និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងសាធារណៈ និងជាអ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៥៥លានរៀល ទៅជូនក្រុមគ្រួសារសព លោកវរសេនីយ៍ឯក ម៉ែន សាវី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ៥៨ឆ្នាំ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារអោយបានល្អ បើទោះបីជាការបាត់បង់ លោកវរសេនីយ៍ឯក ម៉ែន សាវី ដែលជា ឱពុកដ៏ល្អ ប្តីដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក្រុមគ្រួសារត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវ ដើម្បីសេចក្តីរីកចំរើនរបស់ក្រុមគ្រួសារទាំងមូល។

អ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បានឪ្យដឹងថា នេះគឺជាសពអាវុធហត្ថទី២១ហើយ ដែលមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បាននាំយកបច្ច័យរបស់មូលនិធិ មកប្រគល់ជូនក្រុមគ្រួសារសព។

សូមបញ្ជាក់ថា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល លោកទាំងពីរ តែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូន កងរាជអាវុធហត្ថ នៅពេលដែលជួបទុក្ខលំបាក។